ក្រុមហ៊ុន Intel គ្រោងនឹងកាត់បន្ថយបុគ្គលិក បន្ទាប់ពីផ្សារកុំព្យូទ័រធ្លាក់ចុះ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ ហើយផ្នែកមួយចំនួនរបស់ Intel រួមទាំងក្រុមលក់ និងទីផ្សារ ក៏ទទួលបាននូវការកាត់បន្ថយ ដែលអាចប៉ះពាល់ដល់បុគ្គលិកប្រហែល ២០ភាគរយ ខណៈក្រុមហ៊ុននេះមានបុគ្គលិក ១១៣ ៧០០នាក់ គិតត្រឹមខែកក្កដា។ អតិផរណាខ្ពស់រាប់ទស្សវត្ស និងការបើកការិយាល័យ និងសាលារៀនឡើងវិញបាននាំឱ្យមនុស្សចំណាយតិចជាងមុនលើកុំព្យូទ័រជាងពេលដែលពួកគេបានធ្វើក្នុងអំឡុងពេលបិទខ្ទប់រដែលទាក់ទងនឹងជំងឺរាតត្បាត។ ក្រុមហ៊ុនផលិតបន្ទះឈីបនេះក៏ស្ថិតនៅក្រោមសម្ពាធពីការទប់ស្កាត់ជំងឺកូវីដនៅក្នុងទីផ្សារកុំព្យូទ័រសំខាន់ៗរបស់ប្រទេសចិន និងជម្លោះអ៊ុយក្រែន ដែលបាននាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្រូវការផងដែរ៕